ស្ពៃ​ក្ដោប​ទ្រង់​គ្រឿង​ ឆ្ងាញ់​ជាប់​មាត់

 

ចុង​សប្ដាហ៍​នេះ​ តើ​អ្នក​មាន​គម្រោង​ធ្វើ​ម្ហូប​អ្វី​ដែរ? សប្ដាហ៍​នេះ​ Sabay សូម​បង្ហាញ​ម្ហូប​មួយ​មុខ​ដែល​មាន​ឈ្មោះ​ថា​ “ស្ពៃ​ក្ដោប​ទ្រង់​គ្រឿង” ដែល​វិធី​ធ្វើ​ណែនាំ​ដោយ​ នាយិកា​នៃ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ធ្វើ​នំ​ និង​ម្ហូប​ KSK។​ ម្ហូប​មួយ​មុខ​នេះ​គឺ​ងាយ​ស្រួល​ធ្វើ ​ហើយ​មាន​ឱជារស​ប្លែក​ឈ្ងុយ​ឆ្ងាញ់​ទៀត ​ផង។ គ្រឿង​ផ្សំ​ដែល​អ្នក​ត្រូវ​ការ​រួម​មាន​ សាច់​ជ្រូក​ ស្ពៃ​ក្ដោប​ ស្លឹក​គូឆាយ​ ម្រេច ខ្ទឹម​ស ស្ករស​ ស្លឹក​ខ្ទឹម​ ជី​វ៉ាន់ស៊ុយ​  ប្រេង ស៊ុប​ខ្នរ និង​ទឹក​ស៊ីអ៊ីវ។
វិធី​ធ្វើ​:
  1. ​ចិញ្ច្រាំ​ខ្ទឹម​ស​ឲ្យ​ល្អិត​  
  2. ចិញ្ច្រាំ​ ឬ​កិន​សាច់​ជ្រូក​ 
  3. ហាន់​ជី​វ៉ាន់ស៊ុយ​ និង​ស្លឹក​ខ្ទឹម​ឲ្យ​ខ្លីៗ​ បន្ទាប់​មក​ដាក់​ក្នុង​ចាន​គោម​ជា​មួយ​គ្នា​ 
  4. បន្ទាប់​មក​ដាក់​គ្រឿង​ដូច​ជា​ស្ករស​ ម្រេច​ និង​ស៊ុប​ខ្នរ។ 
  5. ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​ រួច​ពូត​ជា​ដុំ​ប៉ុន​ៗ​មេ​ជើង។ 
  6. លាប​ប្រេង​ក្នុង​ចាន​បន្តិច​ ហើយ​យក​សាច់​ពូត​នោះ​ ដាក់​ក្នុង​ចាន​យក​ទៅ​ចំហុយ ​ប្រហែល​ជា​១០​នាទី។
  7. ដោយ​ឡែក​ ស្ពៃ​ក្ដោប​កាត់​ធាង​ចេញ​ យក​តែ​ស្លឹក​លាង​ទឹក​ឲ្យ​ស្អាត​ ហើយ​យក​ទៅ​ស្រុស​ជា​មួយ​ផ្កា​គូឆាយ​ប្រហែល​១​នាទី។ បន្ទាប់​មក​យក​ទៅ​ត្រាំ​ទឹក​កក​ ឬ​ក្លាស់​សេ។ ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​វា​នៅ​ស្រស់​និង​ស្រួយ​ល្អ។ បើ​ចង់​ឲ្យ​វា​កាន់​តែ​ស្រួយ​ល្អ​ ត្រូវ​ត្រាំ​ ឬ​ក្លាស់​សេ​ឲ្យ​យូរ
  8. យក​ស្ពៃ​ក្ដោប​នោះ​ រុំ​ពី​ក្រៅ​សាច់​ជ្រូក​ ហើយ​ចង​ដោយ​ស្លឹក​គូឆាយ។ 
  9. ដាក់​ខ្ទះ​ឲ្យ​ក្ដៅ​ រួច​ចាក់​ប្រេង​ចូល​ បន្ទាប់​មក​ដាក់​ស្ពៃ​នោះ​បំពង​២​នាទី។ 
  10. ចុង​ក្រោយ​ស្រង់​ដាក់​ចាន​ ហើយ​ចុច​ជា​មួយ​ទឹក​ស៊ីអ៊ីវ​ជា​ការ​ស្រេច។

ពេល​ញុំា ​អ្នក​នឹង​មាន​អារម្មណ៍​ថា​វា​មាន​ក្លិន​ឆ្ងុយ​នៅ​ក្នុង​សាច់​ ហើយ​សំបក​ស្ពៃ​ខាង​ក្រៅ​ស្រួយ​ឆ្ងាញ់​ជាប់​មាត់។ សាក​ល្បង​ចម្អិន​ម្ហូប​នេះ​ដើម្បី​ចែក​រំលែក​រសជាតិ​ថ្មី​ឈ្ងុយ​ឆ្ងាញ់​ដល់​ ក្រុម​គ្រួសារ​ និង​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក៕

អត្ថបទ៖ ផល្លា សុម៉ាលីណា
អត្ថបទនេះ ៖​ដកស្រង់ចេញពីគេហទំព័រសប្បាយ
Tags :

Post a Comment