z
ស្វាគមន៍មកកាន់ទំព័រវ៉េបសាយរបស់យើងខ្ញុំ

ភ្លា​សាច់គោ​

 

គ្រឿងផ្សំ​
សាច់គោ​ល្អ ពោះ​គោ មើម​ឆៃ​ថាវ សណ្ដែក​បណ្ដុះ ម្ទេសផ្លោក​ទុំ សណ្ដែកដី រំដេង ខ្ទឹម​ស ខ្ទឹម​ក្រហម ខ្ទឹម​បារាំង​ គល់​វ៉ាន់ស៊ុយ សាឡា​ត់ ជី​គ្រប់មុខ គល់​ស្លឹកគ្រៃ អំបិល ទឹកត្រី ស្ករស ទឹក​ខ្មេះ ម្សៅ​ស៊ុប មើម​រ៉ា​ឌី ។​

វិធី​ធ្វើ​
​១- សាច់គោ​ល្អ​​ចិញ្ច្រាំ​​ទាំង​ឆៅ​​ឲ្យ​ល្អិ​ត ដាក់​អំបិល ទឹក​ខ្មេះ ផ្អាប់​ទុក​កន្លះ​ម៉ោង ទើប​ពូត​យក​ទឹក​ចេញ​ត្រង​​នឹង​ស្បៃ​​ឱ្យ​​ស្អាតដាក់​ចាន​ទុក។
​២- ពោះគោ​ស្ងោរ​ឱ្យ​​ផុ​យហាន់​ស្ដើងៗ។​ ​ 
​៣- មើមឆៃ​ថាវ ម្ទេសផ្លោក​ទុំ ហាន់​ជា​សរសៃ​ឆ្មា​រៗ។
៤- សណ្ដែកដី​​លីង​ឱ្យ​ឆ្អិន ញី​យក​សំបក​ចេញ​បំបែក​ជា​ពីរ សណ្ដែកបណ្ដុះ​បេះ​កន្ទុយ​ឱ្យ​ស្អាត។
៥- គល់​ស្លឹកគ្រៃ​ហាន់​ស្ដើងៗ ខ្ទឹមបារាំង​រើសយក​មើម​តូចៗ​ល្មម​បកសំបក​ចេញ​លាងទឹក​ឱ្យ​ស្អាត​ហាន់​ ​ទទឹង​ស្ដើងៗល្មម (​ហាន់​ទាំងមូល​)។​
​៦- សាឡា​ត់​បេះ​ធាង​លាង​ទឹក​ឱ្យ​ស្អាតហាន់​ទទឹងៗឱ្យ​តូចៗល្មម ​ច្របល់​នឹង​ស្លឹក​ជី​គ្រប់មុខ ​(​បេះ​លាង​ទឹក​ឱ្យ​ស្អាត​)។​
៧- រំដេង​ដុតឱ្យ​​ឈ្ងុយ បុក​លាយ​នឹង​គល់​​វ៉ាន់ស៊ុយ ខ្ទឹម​ស ខ្ទឹមក្រហម​ឱ្យ​ម៉ដ្ឋ។
 ៨- យក​សាច់គោ​ដែល​ពូត​ទឹក​ចេញ​នោះ ពោះ​គោ មើម​ថៃ​ថាវ សណ្ដែក​បណ្ដុះ គល់​ស្លឹកគ្រៃ មក​ច្របល់​ចូល​​គ្នា​ឱ្យ​សព្វ ដាក់​កណ្ដាល​ចាន​សំ​ប៉ែត ហើយ​យក​សណ្ដែកដីលីង​រោយ​គ្របពីលើ រួច​យក​ម្ទេសផ្លោក​ទុំ​រោយ​កាត់​ទទឹង​ពាក់​​កណ្ដាល ទើប​យក​ខ្ទឹមបារាំង​តម្រៀប​សងខាង​រួច​យក​សាឡា​ត់ ​និង​ស្លឹក​ជី​រៀប​ជុំវិញ ចិត​មើម​រ៉ា​ឌី​ជា​ផ្កា​ដោត​តាម​ចំហៀងៗ​ ​ចាន​ជាការ​ស្រេច។
​៩- យក​ទឹក​ដែក​ពូត​ចេញពី​សាច់គោ​នោះ មក​ស្ងោរ​ដាក់​រំដេង​ដែល​បុក​ទុក​នោះ ចាក់​ទឹកត្រី ស្ករស ម្សៅ​ស៊ុប ​អំបិល កូរ​ចូល​គ្នា​ឱ្យ​សព្វ ភ្លក់​មើល​ឱ្យ​​ជូរប្រៃតាម​ចូលចិត្ត បើ​មិន​សូវ​ជូរ​ច្របាច់​ក្រូចឆ្មារ​បន្ថែម​ក៏បាន ឬក៏​ចាប់​សាច់​​ដាក់​ចានបាយ រួច​ដួស​ទឹក​នោះ​ស្រូប​ពីលើ​តាម​ការ​ចូល​ចិត្ត៕
Tags :

Post a Comment