សម្លចាប់ឆាយ



គ្រឿងផ្សំ
ឆ្អឹង​ជំនី ឬ ជើង​ជ្រូក ស្បែក​ជ្រូក​បំពង ផ្សិត​ត្រចៀក​កណ្តុរ ឆៃ​ថាវ ការ៉ុត ស្ពៃ​ក្តោប ស្ពៃ​បូគោ ដំឡូង​បារាំង ខាត់​ណា ស្លឹក​ខ្ទឹម ជី​វ៉ាន់ស៊ុយ អំបិល ស្ករ ប៊ីចេង ទឹក​ត្រី។
វិធីធ្វើ
  1. ឆ្អឹង​ជំនី ឬ ជើង​ជ្រូក លាង​ទឹក​ឱ្យ​ស្អាត កាប់​ជា​ដុំ​ធំ​បន្តិច ស្បែក​ជ្រូក​បំពង និង​ផ្សិត ត្រចៀក​កណ្តុរ ដាក់​ត្រាំ​ទឹក​ឱ្យ​រីក រួច​កាត់​ឱ្យ​ខ្លី​ៗ ការ៉ុត ឆៃ​ថាវ ដំឡូង​បារាំង ចិត​សំបក​ចេញ​លាង​ទឹក​ឱ្យ​ស្អាត រួច​កាត់​ជា​ដុំ​ៗ ស្ពៃ​ក្តោប និង ស្ពៃ​បូគោ កាត់​វា​ឱ្យ​ខ្លី​ៗ​ល្មម ខាត់ណា​សក​វា​ឱ្យ​ស្អាត កាត់​គល់​ដាក់​ផ្សេង ស្លឹក​ដាក់​ផ្សេង។ ស្លឹក​ខ្ទឹម និង​ជី​វ៉ាន់ស៊ុយ​លាង​ទឹក​ឱ្យ​ស្អាត​ហាន់​ឱ្យ​ល្អិត​ល្មម ខ្ទឹម​ស​ចិញ្រ្ចាំ​ឱ្យ​ល្អិត។
  2. ដាក់​ឆ្នាំង​ដាំ​ឱ្យ​ក្តៅ ចាក់​ប្រេង​ឆា​ចូល រួច​ដាក់​ខ្ទឹម​ចិញ្រ្ចាំ​ចូល រួច​លីង​ឱ្យ​ឈ្ងុយ​បន្តិច ទើប​ចាក់​ទឹក​ត្រី​ចូល រួច​ដាក់​ឆ្អឹង​ជ្រូក​ចូល ដាក់​អំបិល ស្ករ ប៊ីចេង កូរ​ឱ្យ​សព្វ ចាក់​ទឹក​បន្តិច ប្រហែល ៥ នាទី ទើប​ដាក់​ស្បែក​ជ្រូក និង​ផ្សិត​ត្រចៀក​កណ្តុរ និង បន្លែ​ដើម​ខាត់ណា ការ៉ុត ឆៃថាវ និង ដំឡូង​បារាំង​ចូល​ជា​មួយ​គ្នា​តែ​ម្តង រំងាស់​ឱ្យ​ឆ្អឹង និង បន្លែ​នោះ​ផុយ​បន្តិច (រំងាស់​ដំបូង​ចាក់​ទឹក​បន្តិច​ម្តង​ៗ) ប្រហែល ២០ នាទី ទើប​ចាក់​ទឹក​ឱ្យ​ច្រើន​តែ​ម្តង។ ហើយ​រំងាស់​វា​ឱ្យ​ពុះ​ម្តង​ទៀត ភ្លក់​មើល​ឱ្យ​ល្មម ទើប​ដាក់​ស្ពៃ​បូគោ ស្ពៃ​ក្តោប និង​ស្លឹក​ខាត់​ណា​ចូល​មួយ​ពុះ រួច​ដួស​ដាក់​ចាន រោយ​ស្លឹក​ខ្ទឹម និង​ជី​វ៉ាន់ស៊ុយ​ពី​លើ​ជា​ការ​ស្រេច។
Tags :

Post a Comment